វិបត្តិអ៊ុយក្រែន៖ ទីក្រុងកំពង់ផែរបស់អ៊ុយក្រែនរងគ្រោះខ្លាំងដោយយោធារុស្សុីរំលោភបទឈប់បាញ់
ទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែរបស់អ៊ុយក្រែនស្ថិតក្នុងស្ថានភាពសឹងតែមហន្តរាយសម្រាប់មនុស្សជាតិ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៉ី។ នេះជាការបញ្ជាក់របស់អភិបាលក្រុងនេះ លោក Vadym Boychenko។
លោកអភិបាលក្រុង Boychenko បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «យើងសឹងតែត្រូវគេបំផ្លាញទាំងស្រុង»។
លោកបានថ្លែងទៀតថា ទីក្រុងនេះ ស្ថិតនៅក្រោមការបាញ់ប្រហារឥតត្រាប្រណី ពីកងទ័ពរុស្ស៉ី ក្នុងរយ:ពេល៥ថ្ងៃចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងជាប់ ហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់បុគ្គលិកកំពង់ផែជួសជុលបណ្តាញទឹកនិងភ្លើងទេ។ ពលរដ្ឋពេលនេះកំពុងរងគ្រោះ។
បណ្តាញផ្សាយព័ត៌មាន CNBC បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែននិយាយនៅរសៀលថ្ងៃសៅរ៍នេះថា រុស្ស៉ី បានរំលោភកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ហើយបានបន្តវាយប្រហារក្នុងទីក្រុង Mariupol and ទីក្រុង Volnovakha។
កាលពីព្រឹកថ្ងៃសៅរ៍ រុស្ស៉ីនិង អ៊ុយក្រែន បានព្រមព្រៀងថានឹងឈប់បាញ់គ្នាជាបណ្តោះអាសន្ន ក្នុងទីក្រុងចំនួនពីរ ដើម្បីឲ្យពលរដ្ឋបានចាកចេញនិងត្រូវជម្លៀសចេញដោយសុវត្ថិភាព។ តែការណ៍នេះត្រូវបានព្យួរសិនដោយសារតែរុស្ស៉ីនៅបន្តវាយប្រហាររំលោភលើបទឈប់បាញ់នេះ៕
ព័ត៌មាននេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និងសារព័ត៌មាន Washington Post។
តាមដានព័ត៌មានថ្មីៗអំពីអ៊ុយក្រែន៖ bit.ly/3ILpKuh #Ukraine #Russia
សម្រួលការផ្សាយដោយ និពន្ធនាយក