ព័ត៌មានអន្តរជាតិ

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានដល់កម្រឹតណាហើយ?

• អភិបាល​ក្រុង​កំពង់ផែ Mariupol នៃ​ប្រទេស​អ៊ុយក្រែន ថ្លែង​ថា ជន​ស៊ីវិល​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ផលិត​ដែកថែបដ៏​ធំ​មួយ កំពុង​ខ្វះ​ស្បៀង​អាហារ ទឹក និង​ថ្នាំសង្កូវ។ លោក Vadym Boichenko ថា ស្ថានភាព​នៅ​រោងចក្រ​ដែកថែប​ Avozstal ពិតជា​យ៉ាប់យ៉ឺន។ រោងចក្រ​ដែក​ថែប​នេះ ជា​ទីតាំង​ចុងក្រោយ​មួយដែល​ទាហាន​អ៊ុយក្រែន​កំពុង​គ្រប់គ្រង នៅ​ក្នុង​ទីក្រុង Mariupol ហើយ​ទាហាន​ទាំង​នេះ​កំពុង​ស្ថិត​នៅ​ជាមួយ​ជន​ស៊ីវិល។

• ប្រធាន​ធនាគារ​កណ្តល​របស់​រុស្ស៊ី ថ្លែង​ថា ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី គឺ​«មិន​ប្រាកដ​ប្រជា​ខ្លាំង» ស្រប​ពេល​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​ត្រូវបាន​សន្និដ្ឋាន​ថា​នឹង​ថយចុះ​ដល់​ទៅ ១០ ភាគរយ​ នៅ​ឆ្នាំ​នេះ។ ទណ្ឌកម្ម​អន្តរជាតិ និង​តម្រូវការ​អ្នក​ប្រើប្រាស់​ទាប កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង។

• ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​ថា ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G-20 ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

• រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​ទីក្រុង​កៀវ​តាម​អាកាស នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

• វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព បាន​ឲ្យ​ដឹង​ថា អ្នកស្រី Vera Gyrych ផលិតករ​ប្រចាំ​វិទ្យុអឺរ៉ុប​សេរី/វិទ្យុ​សេរីភាព​ដែល​ទទួល​មូលនិធិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក បាន​ស្លាប់​ នៅ​ពេល​ដែល​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចំ​អគារ​ដែល​អ្នក​ស្រី​បាន​រស់នៅ​ក្នុង​ទីក្រុង​កៀវ។

• ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​របស់​ទាហាន​រុស្ស៊ី​លើ​ទីក្រុង​កៀវ ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ជា​គោល​បំណង​របស់​រុស្ស៊ី «ដើម្បីមាក់​ងាយលើ​អង្គការ​សហប្រជាជាតិ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​អង្គការ​នេះ​តំណាង​ឲ្យ»។

• ប្រទេស​អាល្លឺម៉ង់ បាន​ថ្កោលទោស​ការ​វាយប្រហារ​ «ដ៏​អមនុស្ស​ធម៌» ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladmir Putin «គ្មាន​សេចក្តី​គោរព​អ្វី​ទាល់តែ​សោះ​ដល់​ច្បាប់​អន្តរជាតិ»។

• សហរដ្ឋ​អាមេរិក​មិន​ជឿ​ថា​ នឹង​មាន​គ្រោះថ្នាក់​ពី​ប្រទេស​រុស្ស៊ី​តាមរយៈ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់ នៅ​ថ្ងែសុក្រ​នេះ ហើយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

• រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មក​ទល់​ពេល​នេះ ការ​ដឹក​សម្ភារៈ​យោធា​ដ៏​ធំបំផុត​មួយ​របស់​ខ្លួន​ទៅកាន់​ប្រទេស​អ៊ុយក្រែន គឺដំណើរការ​ទៅមុខ​ដូច​ការ​រំពឹង​ទុក បន្ទាប់​ពី​កប៉ាល់​ដឹក​សម្ភារៈ​ដែល​មាន​ទម្ងន់​ជាង ២០០ តោន បាន​សំចត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ។

• កង​ទ័ព​រាប់ពាន់​នាក់​របស់​អង្គការ​អូតង់ និង​បណ្តា​ប្រទេស​ប្រចាំ​តំបន់​អាត្លង់ទិក​ខាង​ជើង​ នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នានា នៅ​ទូទាំង​ទ្វីប​អឺរ៉ុប នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​ព្យាយាម​បំបាក់​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី។/ ប្រភពៈVOA

Leave a Reply

Your email address will not be published.