ភ្នំពេញៈថៅកែហាងនំប៉ាវម្នាក់ ដែលយកកាំបិតប៉័ងតោទះក្បាលកម្មកររបស់ខ្លួន បណ្តាលរងរបួសធ្ងន់និងចាក់សោរបង្ខាំងក្នុងបន្ទប់ថែមទៀតនោះត្រូវលោកកុលកំពូលចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀលទី១៣ខែតុលាឆ្នាំ២០២០ហើយ។
ថៅកែហាងនំប៉ាវរូបនេះ ឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ចំណែកជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុម ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរកម្មករដឹកនំប៉ាវ ។
គួររំលឹកថា អំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបញ្ជាក់ ថា នៅមុនពេលកើតហេតុ កាលពីទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការជាកម្មករ ដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ដូចសព្វដង ដោយថៅកែបានប្រើឱ្យជនរងគ្រោះ យកនំប៉ាវចំនួន២៦កេសដាក់លើរ៉ឺម៉ក ដើម្បីដឹកឱ្យភ្ញៀវនៅផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៤ ជាមួយគាត់ ។
លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ថៅកែ បានហៅជនរងគ្រោះចូលក្នុងផ្ទះកន្លែងតុគិតលុយរួចថៅកែបានយកបញ្ជីដែលភ្ញៀវជំពាក់មកសួរជនរងគ្រោះ ហើយថៅកែបាននិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស តែជនរងគ្រោះនិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ។
គ្រាន់តែសម្តីបែបនេះសោះស្រាប់តែថៅកែនិយាយថា«ជនរងគ្រោះនិយាយឈ្លើយបង្កជាទំនាស់ពាក្យសម្តី ទើបថៅកែដើរទៅយកសោរចាក់ទ្វារផ្ទះ រួចក៏ដើរទៅផ្ទះបាយ យកកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមកជនរងគ្រោះ រួចធាក់ផង ច្រចាច់ក ផង និង យកកាំបិតប៉័ងតោ មកទះមុខរបស់ជនរងគ្រោះ៤ទៅ៥កាំបិត ទៀតផង ។ ប៉ុន្តែជនរងគ្រោះយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចគាត់ក៏បានស្រែកសម្លុតអោយជនរងគ្រោះ ទៅអង្គុយលើគ្រែ ។
ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារីគប់មកលើកម្មករចំដៃខាងឆ្វេងហើយគាត់ក៏ងើបឡើងកាន់កាំបិតប៉័ងតោ មកទះ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយនិងហើមលើខ្នងដៃខាងស្តាំនិងប្រអប់ដៃទាំងសងខាងថែមទាំងឃុំជនរងគ្រោះនៅក្នុងផ្ទះ ទៀតផង ។
លុះដល់វេលាម៉ោង៤៖១០នាទីរសៀលទើបថៅកែហាងនំប៉ាវបានចាក់សោរឱ្យជនរងគ្រោះចេញពីផ្ទះហើយជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តែម្តង ។ បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថា «រឿងនេះខាងជនសង្ស័យនិងជនរងគ្រោះបានសម្របសម្រួលគ្នាចប់ហើយ»៕