ភ្នំពេញ:គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំក្រឡុកស៊ីម៉ង់ត៍និងរថយន្តបែនដឹកខ្សាច់បានបុកគ្នាបណ្ដាលឱ្យតៃកុងម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅចំណុចទល់មុខរណ្តៅដីលើមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូចសង្កាត់គោករការខណ្ឌព្រែកព្នៅកាលពីព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌សពាក់ស្លាកលេខភ្នំពេញ3E8319បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។រថយន្តបើកចេញពីចំណតរថយន្តមុខរណ្តៅដីពីជើងទៅត្បូងឆ្លងមហាវិថីឈ្នះឈ្នះមិនទាន់ផុតផងក៏ស្រាប់តែរថយន្តបែនដឹកខ្សាច់ពណ៌សពាក់ស្លាកលេខចង្កូតស្តាំPP0926បើកដោយឈ្មោះសួនសុជុនភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ប្រភពបន្តថារថយន្តបានបើកតាមហាវិថីឈ្នះឈ្នះពីកើតទៅលិចគេចជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹងបណ្តាលឱ្យរថយន្តបែនដឹកខ្សាច់ខូចខាតកំណាត់មុខយ៉ាងដំណំតៃកុងរងរបួសធ្ងន់។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងរថយន្តដឹកជនរងគ្រោះទៅមន្ទីពេទ្យនិងរថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីចាត់ការតាមច្បាប់៕