ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តប្រចាំខែតុលា ឆ្នាំ២០២០ខាងមុខ នៅសាលប្រជុំធំមេគង្គខេត្ត។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្តលោក លោកស្រីជាអភិបាល នៃគណៈអភិបាលស្រុក ក្រុងទាំង៦ លោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកយករបៀបវរៈចំនួន៤មកដាក់ក្នុងអង្គប្រជុំដើម្បីពិភក្សា និងដោះស្រាយរួមមាន ៖ ទី១-ពិនិត្យសេចក្តីព្រាងរបាយការណ៍។ ទី២- ពិនិត្យលើការងារសន្តិសុខ សង្គម។ ទី៣- ការងារសេដ្ឋកិច្ចសង្គម និងទី ៤-ចុះផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ
ក្នុងអង្គប្រជុំនេះផងដែរ ៖ នៅគ្រប់បណ្តាស្រុក ក្រុងទាំង៦ បានធ្វើរបាយការណ៍សង្ខេបពីសភាពការណ៍រួមនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនឯកឧត្តម គណៈអភិបាលខេត្ត និងជូនអង្គប្រជុំរួចមក។
ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តបានកោតសរសើរដល់លោក លោកស្រី ជាអភិបាលស្រុក ក្រុងទាំង៦ បានខិតខំអនុវត្តការងារបានល្អក្នុងរយៈកន្លងមកជាមួយនិងប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំខេត្តក៏ដូចជូនរាជរដ្ឋាភិបាលយើង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា នៅគ្រប់មន្ទីរស្ថាប័នទាំងអស់ក្នុងខេត្តត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អដើម្បីអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនិងរួមគ្នាការពារ និងថែរក្សាសុខ សន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រស់ក្រោមដំបូលសន្តិភាពតែមួយ។ លើសពីនេះ ឯកឧត្តមអភិបាលខេត្តផ្តល់អនុសាសន៍ដល់មន្ទីរជំនាញបន្តតាមដាន ហើយអប់រំនៅតាមមូលដ្ឋាន និងសហគមន៍ដើម្បីការពារទប់ស្កាត់នូវមេរោគរាតត្បាតកូវីដ១៩ ឲ្យបានជាប្រចាំ។
ឯកឧត្តម អភិបាលខេត្តបានសង្កត់ធ្ងន់ថា ជំម្ងឺកូវីដមិនអាចភ្លេចយើងទេ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច។ ហើយត្រូវអនុវឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញក៏ដូចជាវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើបែបនេះ ដើម្បីសុខមាលភាព និងសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមសហគមន៍។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា នៅគ្រប់ដែនសមត្ថិកច្ចទាំងអស់ក្នុងខេត្តក្រចេះ ត្រូវអនុវត្ត និងបង្ក្រាបឲ្យខានតែបាននូវបទល្មើសទាំងឡាយដូចជា ចោរលួច ចោរឆក់ ចោរប្លន់ រំលោភសម្លាប់ និងការជួញដូរគ្រឿងញៀន។ល។ ហើយបន្តអប់រំដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យគាត់បានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ជើងគោកថ្មីឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយបន្តចូលរួមនូវវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕