ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។
លោកអធិការស្រុកត្បែងមានជ័យបានបញ្ជាក់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕