ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិកាមូលដ្ឋានសមាគមនមិត្តនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំសហការី និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រឡាច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ។
អញ្ជើញនាំយកថវិកាសមាគមមិត្តនគរបាលជាតិ និងចូលរួមបុណ្យសព លោកវរសេនីយ៍ត្រី ហ៊ុន សុភា អត្តលេខ ១៧៨៩៤ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំដិន នៃអធិការដ្ឋាននគរបាលស្រុក គិរីវង់ ខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) និងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០,០០០៛ (ហាសិបម៉ឺនរៀល)។
ដោយឡែកថវិកាតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវសរុបបានចំនួន១,៨៦០,០០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនរៀល) ដើម្បីប្រគល់ជូនដល់លោកស្រី ហ៊ឹម គឹមហ៊ាង ត្រូវជាភរិយានៃសព ស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕