ខេត្ដតាកែវ: អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានណែនាំដល់ អាជ្ញាធរក្រុងដូនកែវ ឱ្យចុះពិនិត្យបន្ទាន់ករណីពលរដ្ឋ ០៨គ្រួសារ តវ៉ាចោទថាមានគេលួចយកគ្រឿងចក្រមកឈូសឆាយ លុបប្រឡាយទឹករបស់ពលរដ្ឋអាស្រ័យផល ដែលមានទទឹង ៣ម៉ែត្រ បណ្ដោយ ៣៩ម៉ែត្រ និងជម្រៅ ១,៥០ម៉ែត្រ ស្ថិតនៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបញ្ជាក់បន្ថែមថា ប្រសិនបើ អាជ្ញាធរពិនិត្យរកឃើញថា បុគ្គលនេះពិតជាហ៊ានឈូសឆាយចាក់លុបដីប្រឡាយទឹក សាធារណៈពិតប្រាកដមែន ត្រូវធ្វើការកាយចេញវិញភ្លាមៗជាបន្ទាន់។
សូមរំលឹកថា មួយរយៈកាលកន្លងមកនេះគេសង្កេតឃើញថា មានបុគ្គលខ្លះបានឈូសឆាយ ចាក់លុបដីបឹង ដីប្រឡាយ សាធារណៈ ញឹកញាប់ ដូចបឹងតុំ បឹងតាកែវជាដើម ដោយធ្វើការឈូសឆាយចាក់លុបហួសពីប្លង់កម្មសិទ្ធដែលខ្លួនមាន ។