តាកែវ៖នៅល្ងាចថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរដោយលោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធបានអញ្ជើញចុះ ពិនិត្យមើលបញ្ហាអនាម័យ នៅបរិវេនសួនច្បារមាត់បឹងតាកែវ បន្ទាប់ពីអាជ្ញាធរបានរៀបចំសង្ក្រានក្រុងដូនកែវ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ត្រូវបានបញ្ចប់់។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តត្រូវចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នាដើម្បីសួនច្បាររបស់យើងមានសោភ័ណភាពកាន់តែស្រស់បំព្រង គ្មានកាកសំណល់ស្អុយរលួយ គ្មានថង់ប្លាស្ទិចហើរតាមខ្យល់ បរិភោគរួចទុកដាក់សំរាមក្នុងធុងសំរាម។ ក្នុងនោះដែរអាជ្ញាធរក្រុងក៏ត្រូវចាត់អោយខាងអ្នកប្រមូលសំរាមមកប្រមូលសំរាមអោយបានលឿន ដើម្បីកុំអោយមានក្លិនស្អុយធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងអ្នកមកលេងកម្សាន្តផងដែរ៕