ព័ត៌មានជាតិ

ប្រកាសសេចក្តីសម្រេចស្តីពីការរៀបចំក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទូទាំងស្រុកចន្រ្

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃសុក្រ ០៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកចន្រ្ទា មានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការរៀបចំក្រុមការងារ ចុះពង្រឹងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទូទាំងស្រុកចន្រ្ទា របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីនេះស្ថិតក្រោមវត្តមានលោកឧត្តមត្រី ពេជ្រ វីរៈ ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ប្រាក់ ជុតស្នងការរងនគរបាលខេត្ត និងលោក រាជ បុន អភិបាលរងស្រុកចន្ទ្រា ដោយមានការចូលរួមពីលោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍រដ្ឋបាលទាំង០៦ លោកមេឃុំទាំង០៦ក្នុងស្រុក និងប្រជាការពារគ្រប់ឃុំទូទាំងស្រុកចន្រ្ទាសរុបវត្តមាន១៨០នាក់ ស្រី០១នាក់។

ថ្លែងនាឱកាសនោះលោកឧត្តមត្រី ពេជ្រ វីរៈ ស្នងការរងនគរបាលខេត្តបានកោតសរសើដល់អាជ្ញាធរដែនដី និងកងកម្លាំងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងបន្តថែទាំសុខភាព ការធ្វើអនាម័យ សម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ការដាំដុះដំណាំ និងការចញ្ចឹមសត្វជាដើម។

លោកឧត្តមត្រីបានមានប្រសាសន៍បន្តទៀតថា អធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទូទាំងស្រុកចន្រ្ទាត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុសកូវីដនេះ (covid19) តាមណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះលោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ណែនាំកូនចៅឲ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ១៩នោះផងដែរ ៕

Leave a Reply

Your email address will not be published.