ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលចែកអំណោយជូនប្រជាពលរដ្ឋ១៥០គ្រួសារ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលខេត្តស្វាយរៀងតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលជាអំណោយ សប្បុរសរបស់លោកទេសរដ្ឋមន្ត្រីផ្ទាល់ និងឯកអរដ្ឋទូតអូស្ត្រាលី អង្គការ UNICEf ចុះចែកជូនដល់ ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ស្ថិតក្នុងឃុំចំនួន៣ ស្រុករំដួល ខេត្តស្វាយរៀងរួមមាន ៖ ឃុំថ្នាថ្នង់ ឃុំពងទឹក ឃុំបុស្សមនក្នុងស្ថានភាពជំងឺ Covid-19។

លោកទេសរដ្ឋមន្ត្រី និងក្រុមការងារក៏បាននាំយកអាកុលជែលសម្លាប់មេរោគ សាប៊ូលាងដៃ ម៉ាស និងថវិកាមួយចំនួនចែកជូនពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោកទេសរដ្ឋមន្ត្រីបាននាំមកសេចក្ដីនឹករលឹក និងការសួរសុខទុក្ខរបស់សម្ដេច ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ខណៈដែលសម្តេចទាំងទ្វេតែងតែព្រួយបារម្ភ និងយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោបានដាក់ចេញនូវវិធានការយ៉ាង មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ព្រមទាំងមិនមានផលប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋបាលស្រុករំដួលមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញស្រុកទាំងអស់ ដែលបានចូលរួមអនុវត្តន៍ និងផ្សព្វផ្សាយនូវវិធានការនានារបស់រដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសការគ្រប់គ្រងបាននូវពលករចំណាកស្រុកតាមមូលដ្ឋានរៀងៗខ្លួនក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងមកនេះ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុករំដួលទាំងអស់ត្រូវបន្ត ការពារ និងថែរក្សាសុខភាពយើងទាំងអស់គ្នាដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យស្អាតជាប្រចាំចូលរួមបង្ការការឆ្លងជំងឺកូវីដ និងជំងឺផ្សេងៗទៀត ទោះបីជារាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបាននូវស្ថានភាព ការរាតត្បាតជំងឺកូវីដនៅកម្ពុជា និងមានភាពធូរស្រាលយ៉ាងណាក៏ដោយ ប៉ុន្តែការឆ្លងជំងឺនេះនៅតែ អាចកើតឡើងគ្រប់ពេលវេលា៕

Leave a Reply

Your email address will not be published.