ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងចុះអនុវត្តនច្បាប់ចរាចរណ៍ថ្មីនៅតាមគោលដៅក្នុងខេត្តមណ្ឌលគិរីតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ ដែលក្នុងនោះដែរចំពោះ ទោចចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក់ និងម៉ូតូកង់បួន តម្រូវឲ្យធ្វើការផាកពិន័យមានចំនួន ០៧ចំណុច និងចំពោះរថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ តម្រូវឲ្យធ្វើការផាកពិន័យមានចំនួន ០៩ចំណុច, ហាមដាច់ខាតអនុវត្តលើសពីការណែនាំនេះ។
នៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រកាន់ឥរិយាបថ ក្រមសីលធម៌ល្អ ចំពោះអ្នកបើកបរដែលកំពុងបានប្រើប្រាស់ផ្លូវគ្រប់ប្រភេទ។ នៅក្នុងនោះផងដែរដោយពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋក្រីក្រមិនមានពាក់មួកសុវត្ថិភាព ហើយត្រូវមន្ត្រីអនុវត្តច្បាប់កំពុងនឹងធ្វើការផាកពិន័យ តែមិនមានថវិកាបង់ លោកឧត្តមសេនីយ៍ស្នងការ បានចេញថ្លៃផាកពិន័យជំនួសពួកគាត់ចំនួន ១១មួក និងបានទិញមួកសុវត្ថិភាពជូនពួកគាត់ចំនួន ២៤មួកផងដែរ, ហើយការបង់ប្រាក់ផាកពិន័យនេះដែរមានបង្កាន់ដៃផាកពិន័យត្រឹមត្រូវជូនពួកគាត់។
លោកអភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ស្នងការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ថ្មីនេះឲ្យបានល្អប្រសើរ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅត្រឹមកំរិតទាបបំផុត និងសូមឲ្យបងប្អូនចូលរួមពាក់មួកសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នេះគឺជាការឆ្លុះបញ្ចាំងអំពីការយល់ដឹងដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់គ្នា។ បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមសន្យាថាគ្រប់ពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងចូលរួមផ្សព្វផ្សាយដល់បងប្អូនដែលនៅជិតខាងឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពដល់ក្រុមគ្រួសារពួកយើង និងអ្នកដទៃផងដែរ៕