ខេត្តស្វាយរៀង៖មានភាពចម្រូងចម្រាស់មួយដោយប្រជាពលរដ្ឋបានលើកគ្នាបិទផ្លូវតវ៉ានិងចោទសមត្ថកិច្ចថាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជ្រុលដោយចាប់ដាក់ខ្នោះហើយវាយលើរាង្គកាយអ្នកបើកបររ៉ឺម៉កដឹកពូកលក់តាមមូលដ្ឋានម្នាក់ធ្វើឱ្យអ្នកស្រុកខឹងសម្បារយ៉ាងខ្លាំង។ ករណីនេះបានកើតឡើងនៅកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២០នៅភូមិត្រពាំងបុណ្យឃុំព្រៃគគីរស្រុកចន្ទ្រាខេត្តព្រៃវែងរហូតដល់ម៉ោង៣និង៣០នាទីរសៀលទើបដោះស្រាយបញ្ចប់រឿងដោយឱ្យសមត្ថកិច្ច(ដែលវាយនិងដាក់ខ្នោះអ្នកបើកបររ៉ឺម៉ក)មកសុំទោសជាសាធារណៈនៅមុខមហាជនបញ្ចប់រឿង។រីឯម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ក្នុងចំណោមរ៉ឺម៉ក៣គ្រឿងបានឱ្យដឹងថាពួកគាត់ទាំងបីរ៉ឺម៉កមានទីលំនៅឯខេត្តតាកែវ។ ពួកគាត់នាំគ្នាមករកស៊ីដឹកពូកលក់តាមមូលដ្ឋាននៅខេត្តស្វាយរៀងជាច្រើនខែមកហើយស្រាប់តែនៅថ្ងៃទី១ឧសភា២០២០នេះក៏មានច្បាប់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កមានបណ្ណ័បើកបរគាត់ទៅធ្វើបណ្ណ័បើកបរមិនទាន់ក៏សម្រេចសុំលក់ពូកអស់ត្រឡប់ទៅផ្ទះវិញទើបធ្វើបណ្ណ័បើកបរ។ នៅថ្ងៃទី២ឧសភា២០២០នេះសមត្ថកិច្ចចាប់ផាកពិន័យ១៨ម៉ឺនរៀលគាត់គ្មានប្រាក់បង់។សមត្ថកិច្ចឈជើងនៅគោលដៅនោះនាំគ្នាចេញទៅហូបបាយអស់ពួកគាត់ក៏បើកម៉ូតូចេញដែរក៏ត្រូវសមត្ថកិច្ចដេញតាមនិងចាប់វាយរួចដាក់ខ្នោះចាប់បញ្ជូនទៅអធិការស្រុកចន្ទ្រាពេលនោះមហាជនក្នុងភូមិឃើញក៏នាំគ្នាមកបិទផ្លូវតវ៉ាមិនឱ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ។ ទាក់ទិនករណីនេះដែកលោកវរៈសេនីយ៍ទោសួគ៌ធីអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រាបានមានប្រសាសន៍ថានេះគឺជាការរឹតបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។លោកសួគ៌ធីបន្តទៀតថាមូលហេតុអ្នកបើកបរម៉ូតូរ៉ឺម៉កគ្មានបណ្ណ័បើកបរនិងដឹកសំពីងសំពោងខុសបច្ចេកទេសសមត្ថកិច្ចបានឃាត់រ៉ឺម៉កមកសាកសួរនិងធ្វើការផាកពិន័យតាមច្បាប់។ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះមិនព្រមបង់ប្រាក់ផាកពិន័យហើយបានបើកម៉ូតូរ៉ឺម៉កចេញសមត្ថកិច្ចបានហៅឱ្យឈប់់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់ទើបសមត្ថកិច្ចយើងបើករថយន្តដេញតាមទាន់នៅកន្លែងកើតហេតុខាងលើរួចឱ្យយកម៉ូតូរ៉ឺម៉កត្រឡប់មកកន្លែងសមត្ថកិច្ចឈជើងវិញតែអ្នកបើករ៉ឺម៉កមិនព្រមទើបមានការចាប់វាយខ្នោះនិងមានការប្រតាយប្រតប់គ្នាកើតជារឿងរហូតមានប្រជាពលរដ្ឋនាំគ្នាមកតវាបិតផ្លូវតែម្តង។ ក្រោយពីមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ត្រីភោគសាខុនស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងនិងលោកអភិបាលស្រុកចន្ទ្រាបានចុះទៅសម្របសម្រួលម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿងក៏ឈានដល់ការព្រមព្រៀងដោយម្ចាស់ម៉ូតូរ៉ឺម៉កឱ្យសមត្ថកិច្ចទាំង៤រូបមកសុំទោសរូបគាត់ជាសាធារណៈនៅមុខមហាជន។ លោកវរៈសេនីយ៍ទោសួគ៌ធីអធិការរងស្រុកចន្ទ្រាបានចេញមកសុំទោសជាសាធារណៈតាមការទាមទារបស់មហាជនដូច្នេះប្រជាពលរដ្ឋក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។សូមប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕
