សន្តិសុខសង្គម

រថយន្ត LEXUS LX470 អាចច្រឡំជាន់ហ្គែថាហ្វ្រាំងស្ទុះទៅបុករឺម៉កដឹកអេតចាយបន្តទៅបុករបងព្រលានយន្តហោះបាក់អស់ជាច្រើនផ្ទាំង

(ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តLEXUS LX470 ចេញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍លឿនជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ រួចបន្តទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងបាក់ជាច្រើនផ្ទាំង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកLEXUS LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-1899 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញមកពីក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទិសដៅពីលិចទៅកើត ហើយសង្ស័យថាជាន់ហ្គែរច្រឡំថាហ្រ្វាំងបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកអេតចាយមួយគ្រឿងម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខបើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឱ្យរងរបួសធ្ងន់។ រថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំងទើបអស់ល្បឿន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករយន្តបង្ក និងម៉ូតូសណ្តោងរុឺម៉កទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

Leave a Reply

Your email address will not be published.