ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារធម្មជាតិ ចំនួន ៧១គ្រួសារ ក្នុងស្រុកសំរោង

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មធិការសាខា លោកនាយកប្រតិបត្តិសាខា មន្ត្រី ប្រតិបត្តិសាខា និង លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្រ្តីអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនបង ប្អូនប្រជាពលរដ្ឋចំនួន ៧១គ្រួសារ។ ក្នុងនោះមានរលំទាំងស្រុង ១៥ ខ្នង មធ្យម ០៧ ខ្នង និងស្រាល ៤៩ ខ្នង ដែលបានរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២១ ក្នុង៥ឃុំ ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពី សុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា។

ជាបន្ត ឯកឧត្តមប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខភាពអនាម័យ និងសុវត្ថិភាព ផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា អំណោយដែលបានផ្ដល់ជូនទាំង ៧១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម តង់ធំ១ កន្ទេល១ ក្រម៉ា១ សារុង១ មុង១ ភួយ១ ផងដែរ៕

Leave a Reply

Your email address will not be published.