ព័ត៌មានជាតិ

អភិបាលខេត្តតាកែវប្រាប់ឲ្យអង្គភាពច្រកចេញចូលតែមួយផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការវាយតម្លៃសេវារដ្ឋបាល និងសេវាសាធារណផ្សេងៗ តាមរយះអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួម ដោយ លោកអភិបាលរងខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ និងលោក លោកស្រី មន្រ្តីជំនាញតាមអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ូច​ ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការដ៍មានប្រសិទ្ធភាពមួយ ដែលប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​អភិបាល​តាកែវ មានប្រសាសន៍បន្តថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ​ ជាប្រមុខ​បានធ្វើ​កំណែទម្រង់ឥតឈប់ឈរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់​សម​ធម៌​ក្នុងសង្គម និង​​ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម​ បានបន្ថែមទៀតថា​ ជាមន្រ្តីទាំងជួរ​ ជួរក្រោយ​ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ​ ដេីម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា​ និងត្រូវមានចរិយាសុភាពរាបសា​ ដាក់ខ្លួនជាអ្នកបម្រេីរាស្រ្ត​ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ​ ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត​ ដើម្បីផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវា​ទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព៕

Leave a Reply

Your email address will not be published.