ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ បន្តចុះទៅដល់ទឹកធ្លាក់អូរជាំក្នុងស្រុកសំឡូត ដើម្បីផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ច និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែម

បាត់ដំបង៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមីនានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តចុះទៅដល់សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដើម្បីជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែម ពិសេសដើម្បីពង្រីកការផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍នេះផងដែរ។

ឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យធ្វើផ្លូវចូលទៅកាន់សហគមន៍ ដោយលោកបានស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយធ្វើផ្លូវចូលទៅកាន់សហគមន៍តពីផ្លូវធំមួយខ្សែពីទឹកដីស្រុកសំឡូតទៅកាន់ទឹកដីស្រុកបាណន់ ដែលក្រុមការងារកំពុងសាងសង់។

លោករដ្ឋមន្ត្រីបានណែនាំឱ្យប្រជាសហគមន៍រៀបបចំឱ្យមានបង្គន់អនាម័យ ពង្រឹងសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ និងត្រូវរៀបចំឱ្យមានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរដែលចង់ស្នាក់នៅយូរ ពិសេសលើសពីនេះត្រូវគិតគូរយកចិត្តទុកដាក់លើការថែរក្សាអនាម័យជាប់ជាប្រចាំ។

លោកបានសំណូមពរដល់អាជ្ញាធរស្រុក-ខេត្ត ត្រូវពន្លឿនការតបណ្ដាញអគ្គិសនីទៅកាន់សហគមន៍ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ខណៈទឹកស្អាតសម្រាប់ប្រើប្រាស់ត្រូវបានអង្គការម្លប់បៃតងជួយជាបណ្ដើរៗហើយ។

ជាមួយគ្នានោះ លោក ថោង ខុន បានសំណូមពរដល់អង្គការម្លប់បៃតង និងដៃគូពាក់ព័ន្ធត្រូវបន្តជួយដល់ការអភិវឌ្ឍនៅសហគមន៍អេកូទេសចរណ៍អូរជាំ ពិសេសលោកបានស្នើដល់ទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវជួយជំរុញឱ្យមានកញ្ចប់ទស្សនកិច្ចមកកាន់តំបន់ទេសចរណ៍មួយនេះឱ្យបានក្នុងពេលខាងមុខ។

Leave a Reply

Your email address will not be published.