បាត់ដំបង ៖ប្រភពពីក្រុមឈ្មួញមួយចំនួន និងមន្ដ្រីគយដែលប្រចាំនៅបានបង្ហើបឲ្យលោក នួន ង៉ែត ប្រធានការិយាល័យគយច្រកទ្វារតំបន់អូរអន្លក់ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ដែលជាមេគយធំ បានដឹងឮនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ មន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាអ្នកឃុបឃិតឲ្យលោក នួន ង៉ែត មេគយច្រកទ្វារតំបន់អូរអន្លក់ ធ្វើអ្វីៗតាមអំពើចិត្ត ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ ជាងនេះទៅទៀតលោក នួន ង៉ែត កំពុងប្រើអំណាចគាបសង្កត់ទៅលើអាជីវករតូចតាចនិងប្រជាពលរដ្ឋយ៉ាងកំរោលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់អូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក នួន ង៉ែត មេគយច្រកទ្វារតំបន់អូរអន្លក់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗទាំងយប់ទាំងថ្ងៃដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក នួន ង៉ែត បានឲ្យដឹងថាការដែលលោក នួន ង៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានការឃុបឃិតសម្របសម្រួលពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងល្បីល្បាញខាងពុករលួយ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ជាមេគយធំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះអំពើពុករលួយរបស់លោក នួន ង៉ែត ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
បើតាមមន្ត្រីនៅច្រកទ្វារតំបន់អូរអន្លក់ មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក នួន ង៉ែត កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរ។ ទន្ទឹមនឹងនេះលោក នួន ង៉ែត ក៏ឃុបឃិតឲ្យឈ្មួញនាំចេញអង្ករនិងកន្ទក់ ព្រមទាំងទំនិញផ្សេងៗទៀតពីទឹកដីខ្មែរចូលទៅប្រទេសសៀមយ៉ាងរលូន ហើយលោក នួន ង៉ែត តែងយកឈ្មោះលោក យូ ហេង មេគយខេត្តបាត់ដំបង ទៅបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ប្រភពដែលស្និទ្ធនឹងលោក នួន ង៉ែត បានឲ្យដឹងថា ឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមតាមច្រកទ្វារតំបន់អូរអន្លក់ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក នួន ង៉ែត ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
មន្ត្រីគយនិងភ្នាក់ងារគយខេត្តបាត់ដំបង មួយចំនួនបានអះអាងថា លោក នួន ង៉ែត មេគយច្រកទ្វារតំបន់អូរអន្លក់ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង បណ្ដោយឲ្យលោក នួន ង៉ែត ធ្វើអ្វីៗតាមអំពើចិត្ត។ ដោយសារថាមានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង និងពីមេគយចល័តក្នុងខេត្តបាត់ដំបង ទើបលោក នួន ង៉ែត មេគយច្រកទ្វារតំបន់អូរអន្លក់ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយប្រមូលលុយលើតុក្រោមតុយ៉ាងក្រអឺតក្រទម។ ទន្ទឹមនឹងនេះមន្ត្រីនៅច្រកទ្វារតំបន់អូរអន្លក់ បានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញខុសច្បាប់ពីទឹកដីសៀមចូលស្រុកខ្មែរក៏មានច្រើន ហើយទំនិញច្រើនប្រភេទក៏ត្រូវបានឈ្មួញដឹកជញ្ជូនពីស្រុកខ្មែរចេញទៅប្រទេសសៀមយ៉ាងគំហុកផងដែរ ដូច្នេះក្នុងមួយថ្ងៃៗលោក នួន ង៉ែត មេគយច្រកទ្វារតំបន់អូរអន្លក់ ស្រុកកំរៀង និងបក្ខពួកប្រមូលលុយលើតុក្រោមតុតាមរបៀបពុករលួយ បានយ៉ាងសុខស្រួល…៕