ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ខណៈអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែនក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦និងគម្រប់ខួប១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សស្ថិតក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០បានលើកឡើងពីការវិវត្តន៍ក្នុងរយៈពេលជាង៤០ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហមនិងជាង២០ឆ្នាំក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថាប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគ្រស្មាញជាទីបំផុតនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេស។ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយស្ថិរភាពសន្តិសុខនិងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។លោកហ៊ុនម៉ាណែតបានលើកបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះគឺជារយៈកាលនៃសុខសន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រនៃប្រទេសជាសន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូបនៃនយោបាយឈ្នះ-ឈ្នះហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេសនិងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាននិងគោរពប្រតិបត្តិសាសនា នានាតាមជំនឿ។ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាខែលដ៏សំខាន់និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិប្រជាពលរដ្ឋការពារសិទ្ធិសេរីភាពស្របតាមនីតិរដ្ឋត្រូវគោរពនូវតួនាទីភារកិច្ចចាំបាច់របស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាលយូរអង្វែងទៅអនាគត ដោយរក្សាបាន នូវស្មារតីជាតិនិយម បេ្តជ្ញាស្មោះត្រង់ជាមួយជាតិសាសនា ព្រះមហាក្សត្រនិងរដ្ឋាភិបាលស្របច្បាប់រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាត នូវរាល់សកម្មភាពទាំងទ្បាយណាដែលបង្ក ដល់ការបំផ្លិចបំផ្លាញនូវសន្តិភាពដ៏ស្រស់ បំព្រងនេះ។
លោក ហ៊ុន ម៉ាណែតក៏បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំបំពេញភារកិច្ចនិងសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ជាពិសេសការយកចិត្តទុកដាក់លើការងារ ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា បម្រើឱ្យការបំពេញភារកិច្ច និងជីវភាព សុខមាលភាពរបស់យោធិន និងគ្រួសារ យោធិន ហើយក៏បានបង្ហាញឱ្យឃើញអំពី សាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរវាងមេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវ និរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិនិងប្រជាជនព្រមទាំងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំជាតិ-អន្តរជាតិក្នុងកិច្ចប្រជុំនិងព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិនានាទៀតផង៕
