ព័ត៌មានជាតិ

ទំនប់សាលាតាអន ក្នុងខេត្តបាត់ដំបងសាងសង់សម្រេចបាន៧០ភាគរយហើយ

ខេត្តបាត់ដំបង ៖ ទំនប់សាលាតាអន ក្នុងខេត្តបាត់ដំបង ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយហើយ រួមមានប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង១ខ្សែ ប្រវែង៣៨០ម៉ែត្រ, ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន០១ កន្លែង, ប្រឡាយធ្វើពីបេតុងចំនួន០៤ខ្សែ ប្រវែងជិត១៨គីឡូម៉ែត្រ, សំណង់ក្បាលហុងចំនួន០៤កន្លែង, សំណង់ស្ទាក់ទឹក ប្រឡាយមេចំនួន១៣កន្លែង, សំណង់ចែកចាយទឹកចំនួន២១ កន្លែង ,ស្ពានឆ្លងកាត់ប្រឡាយ ចំនួន២៣កន្លែង, និងជណ្តើរចុះក្នុងប្រឡាយមេសម្រាប់អ្នកភូមិប្រើប្រាស់ចំនួន២៧៤កន្លែង។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់នាថ្ងៃទី៦ ខែសីហានេះថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តនេះ និងជាមានសារប្រយោជន៍ផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​ខ្ញុំ​ជាយូរ​ណាស់​មកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន​ ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហេីយ​ក៏ជាគម្រោងទី​ ៣​ បន្ទាប់​ពី​គម្រោង​ពហុ​បំណង​សេកសក​ និង​ទំនប់​កង្ហត​ ក្នុង​ការ​ស្ទាក់​ទឹក​ទុក​ មុន​នឹង​ហូរ​ទៅ​ទន្លេ​សាប​។

ឯកឧត្តមបន្តទៀតថា គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ។

សូមជម្រាបថា ទំនប់សាលាតាអន នេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ក្រោមហិរញ្ញប្បទាន សម្បទានរបស់ សាធារណរដ្ឋកូរ៉េ៕

Leave a Reply

Your email address will not be published.