ព័ត៌មានជាតិ

ការវិនិយោគវិស័យសំណង់មានទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ កើនជាង១៣% ក្នុងឆមាសទី១ឆ្នាំនេះ

ភ្នំពេញ ៖ តាមរបាយការណ៍ប្រចាំឆមាសទី១ នៃឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក កើនជាង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ ក្នុងនោះ ចំនួនគម្រោងដែលត្រូវបានអនុញ្ញាតឲ្យសាងសង់ សរុបមានចំនួនជាង ២,៥០០គម្រោង។

របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា រយៈពេល៦ខែមកនេះ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២,៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង៨.៦លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណជាង៣.៨ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ២,០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគជិត ៣.៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង១៣.២៦%។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះសំណង់លំនៅដ្ឋានសរុបមានចំនួន ២,០៩៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង ៤.៥លានម៉ែត្រការ៉េ មានទុនវិនិយោគសរុបប្រមាណជិត១.៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានលក្ខណៈបុរី នៅទូទាំងប្រទេស គឺមាន៣៦គម្រោង ស្មើនឹងចំនួនផ្ទះ ៦,៥៦២ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង១.៨លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណជិត៦៥០លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា រយៈពេលឆមាសទី១ នៃឆ្នាំ២០២០ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន២១៦គម្រោង ស្មើនឹង២៣៤ អគារ។ ដោយឡែក ចំពោះខេត្តព្រះសីហនុ មានគម្រោងខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានប្រមាណ៦៧គម្រោង ស្មើនឹង ៦៩អគារ។

ក្នុងរបាយការណ៍ ក៏បានឲ្យដឹងផងដែរថា ក្រសួងដែនដី បានទទួលពាក្យស្នើសុំលិខិតអនុញ្ញាត បើកការដ្ឋានបានចំនួន ៥៣គម្រោង និងបានផ្ដល់លិខិតអនុញ្ញាតឲ្យបើកការដ្ឋានសំណង់ចំនួន ៥៤គម្រោង (គិតចាប់ពីអនុវត្ត ដល់ខែមិថុនា ឆ្នាំ២០២០ បានផ្ដល់ចំនួន ១,៩៥៤គម្រោង)៕

ខាងក្រោមនេះ ជារបាយការណ៍របស់ក្រសួងដែនដី ដែលមានខ្លឹមសារទាំងស្រុង ៖

Leave a Reply

Your email address will not be published.