ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពី “សណ្តាប់ធ្នាប់សាធារណៈ” ក្រោមអធិបតីភាពលោកប្រាក់ សុវណ្ណ អភិបាលខេត្ត,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងលោក,លោកស្រីអភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំងបីអភិបាលស្រុកក្រុងអង្គភាពមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើនរូប។
លោកប្រាក់ សុវណ្ណ បានឱ្យដឹងថា យោងលិខិតលេខ ១៧៥១ សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃស្តីពីសំណើរពិនិត្យរួមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំនេះឡើងដើម្បីប្រមូលបាននូវធាតុចូលនិងតម្រូវការក្នុងស្ថានភាពជាក់ស្តែងក្នុងខេត្តដើម្បីស្រង់យកមតិយោបល់ចូលរួមពីគ្រប់អ្នកពាក់ព័ន្ធដើម្បីដាក់ជូនគណៈកម្មការតាត់តែងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈពិនិត្យ។
លោកបានបន្តថាសេចក្ដីព្រាងច្បាប់នេះត្រូវបានសិក្សាស្រាវជ្រាវនិងចងក្រងដោយគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូកនិង៤៣មាត្រា។មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាពអនាម័យបរិស្ថានភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ដើម្បីប្រមូលធាតុចូល និងតម្រូវការជាក់ស្ដែងពីអាជ្ញាធរនៅមូលដ្ឋានថ្នាក់ក្រោមជាតិ គណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់នេះបានស្នើសុំរដ្ឋបាលខេត្តពិនិត្យពិភាក្សានិងរួមយោបល់លើសេចក្ដីព្រាងច្បាប់នេះ ដើម្បីកែសម្រួលចុងក្រោយដាក់ជូនរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាព សូមធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺឆ្ងងកូវីដ-១៩ជាបន្តទៀតស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សូមកុំមានធ្វេសប្រហែសឱ្យសោះ៕