᯽• មនុស្សយើងមិនត្រូវលោភលន់ពន់ប្រមាណទេ ព្រោះបានកើតមកជាមនុស្សទៅហើយ វាមិនមានសម្បត្តិអ្វីណាឱ្យប្រសើរជាងកំណើតមនុស្សនេះទៀតឡើយ បើយើងមិនបានកើតមកជាមនុស្សផងទេនោះ តើសម្បត្តិក្នុងស្រុកមនុស្សនេះសំខាន់សម្រាប់យើងយ៉ាងដូចម្ដេចទៅ ។
ដូច្នេះ មិនត្រូវព្រោះតែមាសប្រាក់បុណ្យស័ក្តិកាមគុណ ធ្វើការបោះបង់ខ្លួនឯងចោលនោះទេ ពាក្យថាបោះបង់ខ្លួនឯងចោល គឺការមិនរក្សាខ្លួនដោយស្មារតី បណ្តែតបណ្ដោយឱ្យកិលេសដឹកនាំអូសទាញ ទៅប្រព្រឹត្តអំពើឥតប្រយោជន៍ អំពើសៅហ្មងគ្រប់បែបយ៉ាង ។
ដើមឈើដែលមានឫសមិនល្អ ព្រោះនៅមាត់ច្រាំង ត្រូវទឹកជំនន់ច្រោះ ព្រមដោយមែកច្រើនស្លឹកច្រើន និង ផ្លែផ្កាច្រើនផងនោះ វាងាយដួលរលំណាស់ ដោយគ្រាន់តែខ្យល់ល្មមៗប៉ុណ្ណោះ យ៉ាងណាមិញ មនុស្សយើងក៏ដូចដើមឈើមួយដើមដែរ គល់ដើមប្រៀបបានកំណើតមនុស្ស មែកស្លឹកផ្លែផ្កាច្រើននោះ ក៏ដូចជាលាភយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិកាមគុណ ចំណែកឫសមិនល្អ ឈ្មោះថាដើមឈើទុព្វល គឺប្រៀបដល់មនុស្សទន់ខ្សោយនូវស្មារតី សម្លឹងឃើញអ្វីៗក្នុងលោក ថាសុទ្ធតែល្អលេង មិនមានការសង្រួមឥន្ទ្រិយ ត្រូវបានកិលេសមារញាំញីខ្ទេចខ្ទីស្មារតីអស់ ប្រៀបដូចទឹកជំនន់ច្រោះឫសនៃដើមឈើ មិនមានជំហរមាំទាំព្រោះអស់ដីជាគ្រឿងទប់ ម្យ៉ាងទៀតក៏គួរសិក្សាផងដែរ ត្រង់ដែលដើមឈើនោះបានដុះនៅចំកន្លែងត្រូវអន្តរាយ គឺមុខទឹកច្រោះដី ដែលប្រៀបបីដូចជីវិតមនុស្សរស់ក្នុងចំណោមជនពាល ឬប្រទេសមិនសមគួរ ថែមទាំងការពេញចិត្តក្នុងធម៌អសប្បុរសទៀតផង ។
ឯចំណែកខ្យល់ដែលសម្រាប់បក់បោកផ្តួលរំលំនូវដើមឈើទុព្វលនោះ ក៏គឺជាឈ្មោះរបស់កិលេស ដែលជាបក្សពួកសត្រូវជាមួយទឹកជំនន់ គ្រាន់តែទឹកជំនន់ជាឈ្មោះនៃបរិយុដ្ឋានកិលេស គឺកិលេសរឹតរុំសន្តានចិត្តធ្វើឱ្យខ្សោយស្មារតី ឯខ្យល់វិញជាឈ្មោះនៃវិតិក្កមកិលេស គឺកិលេសគ្រោតគ្រាត នាំឱ្យប្រព្រឹត្តកន្លងច្បាប់ ល្មើសដោយកាយវាចា ត្រង់សេចក្តីនេះ បើភិក្ខុត្រូវអាបត្តិតូច ស្រាល កណ្ដាល រហូតដល់បារាជិក ឬ លាសិក្ខា បើគ្រហស្ថក៏ទ្រុស្តនឹងសីលរបស់ខ្លួន ឬក៏ជាមនុស្សអាងលាភ អាងយស អាងកម្លាំងនេះនោះបៀតបៀនអ្នកដទៃ ទាំងអស់នេះ ព្រោះអាស្រ័យខ្យល់កិលេសគ្រោតគ្រាត ។
(ជំនួយសតិ ភាគទី ៦ ទំព័រ ១៩-២១)
អនាគតលោកអ្នកកាន់តែភ្លឺស្វាងដោយបៀលប្រាយ