ខេត្តកណ្តាល ៖ ស្រុកមុខកំពូល ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦A នឹងក្លាយជាតំបន់ទាក់ទាញការវិនិយោគលើលំនៅឋាន បែបទំនើបនាពេលខាងមុខនេះ។ ក្នុងចំណោមស្រុកទាំង៤ ស្រុកមុខកំពូលត្រូវបានជ្រើសរើស និងកំណត់ជាប៉ូលសេដ្ឋកិច្ចរបស់ខេត្តកណ្តាល ដែលផែនការនេះ ត្រូវបានគាំទ្រ ដោយរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីជួយលើកកំពស់ទីផ្សារកសិករ ពាណិជ្ជូបនីយកម្ម កសិកម្ម នៅទូទាំងខេត្តកណ្តាល។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានឱ្យដឹងថា នៅតាមបណ្តាជាយក្រុងរាជធានីភ្នំពេញ ជាពិសេសនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ A បាននឹងកំពុងទាក់ទាញគម្រោងវិនិយោគ លើលំនៅឋានកម្រិតខ្ពស់។ លោកថា ក្រៅពីគម្រោងវិនិយោគរបស់រដ្ឋាភិបាល ក៏មានគម្រោងរបស់វិស័យឯកជនធំៗ កំពុងវិនិយោគនៅតំបន់នោះ ដែលនេះវានឹងជះឥទ្ធិពលដល់តំបន់ក្បែរនោះ (ស្រុកមុខកំពូល) និងធ្វើឱ្យតំបន់នេះ កាន់តែមានការទាក់ទាញ និងសក្តានុពលខ្ពស់លើវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅឋាន។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ធ្លាប់បានបានទទួលស្គាល់ដែរថា ការអភិវឌ្ឍទៅលើវិស័យលំនៅឋាននៅទូទាំងខេត្តកណ្តាល ពិតជាមានភាពរីកចម្រើនខ្លាំង និងកើតមានស្ទើរទូទាំងស្រុកនានា ជាពិសេសនៅតាមតំបន់ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។ លោកថា ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះវិស័យលំនៅដ្ឋានកម្រិតមធ្យម និងសមរម្យបានដើរតួឈានមុខគេ ស្របពេលដែលកំណើន នៃចំនួនប្រជាជនបានកើនឡើងរហូតដល់ជាង១លាននាក់។
គួរបញ្ជាក់ដែរថា ស្រុកមុខកំពូល ស្ថិតនៅភាគខាងជើងនៃខេត្តកណ្តាល មានព្រំប្រទល់រដ្ឋបាល ខាងលិចជាប់ស្រុកពញាឮ ខាងកើតជាប់ស្រុកខ្សាច់កណ្តាល ខាងជើងជាប់ស្រុកបាធាយ និងស្រុកកងមាសនៃខេត្តកំពង់ចាម និងខាងត្បូងជាប់ខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ៕