ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តតាកែវ និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួន មកប្រគេនព្រះសង្ឃគង់ចាំព្រះវង្សានៅវត្តចំនួន ០៥ ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្ដដា ឆ្នាំ២០២២នេះ បានដឹកនាំលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុកបូរីជលសារ នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំវស្សាចំនួន ០៥វត្ត ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយលើកឡើងថា ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។ ជាពិសេស នេះជាទំនៀមមួយដែលបង្ហាញ ពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធាន ទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ។

បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ១៩ កុំឱ្យកើតមានឡើងបន្តទៀតនៅក្នុងសហគមន៍របស់យើង ជាពិសេសត្រូវបន្តការអនុវត្តវិធានការសុខាភិបាល និងតាមការណែនានារបស់អាជ្ញាធរមូលដ្ឋាន ។

សម្ភារៈដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាំយកមកនាពេលនោះរួមមាន៖ អង្ករ ៥០គីឡូ ទៀន១គូរ ទឹកសុទ្ធ ៣កេះ ទឹកក្រូច៤កេះ ទឹកផ្លែឈើ២កេះ មី២កេះ ស្លាដក១ បច្ច័យ១០ម៉ឺន ប្រគេនព្រះសង្ឃ៥អង្គ បច្ច័យកសាងវត្ត ចំនួន៤វត្ត ក្នុង១វត្តៗ បច្ច័យ១លាន៥០ វត្តអង្គ ដោយឡែកវត្តអង្គក្រឡាញ់សែនជ័យ បច្ច័យ២លាន៥០ម៉ឺន កូននេន ៧អង្គ មួយអង្គ ៥ម៉ឺនរៀល រួមទាំងបានជូនថវិកាទៅដល់យាយជីតាជីប្រជាពលរដ្ឋមួយចំនួនផងដែរ ៕

Leave a Reply

Your email address will not be published.