ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សា ១ខ្នង មាន ៦បន្ទប់ ផ្លូវចាក់បេតុង ០១ខ្សែ ព្រមទាំងសមិទ្ធផលនានាក្នុងវិទ្យាល័យ សុខអានដូងខ្ពស់ ស្រុកបូរីជលសារ
តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សា ០១ខ្នង មាន ០៦បន្ទប់ ផ្លូវចាក់បេតុង ០១ខ្សែ ប្រវែង ២៤០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យសុខអានដូងខ្ពស់ ស្ថិតនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ដែលពិធីសម្ពោធនេះដែរក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំង ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង ១០០០ពាន់នាក់ផងដែរ។
ថ្លែងមានមតិសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខជានិច្ច មានការរីកចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ជាពិសេសបានស្វែងរកសុខសន្តិភាពពេញលេញ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។
បន្ថែមពីនេះដែរ សម្ដេចក៏បានដាក់ចេញគោលការណ៍សំខាន់ៗ បានទាន់ពេលវេលា ដើម្បីចូលរួមធ្វើការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យបន្តកើតមានឡើង នៅប្រទេសរបស់យើងបន្ត តាមរយះការស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកចាក់ជូនពលរដ្ឋខ្មែរ ទូទាំងប្រទេស ដោយឥតគិថ្លៃអ្វីទាំងអស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំយកសម្ភារៈ ថវិកា របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ លោកគ្រូ អ្នកគ្រូ ១០៩នាក់ ក្រុមគ្រូពេទ្យ ២០នាក់ ម្នាក់ៗ ថវិកា ៣០,០០០រៀល, សិស្សានុសិស្សា ១៥៣៧នាក់ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ៥០០០រៀល, ។
ក្រុមយុវជនកាយរិទ្ធ ៥០នាក់ ក្រុមយុវជនកាកបាទក្រហម ៥០នាក់ យុវជន ស.ស.យ.ក. ៥០នាក់ យុវជនគណបក្ស ៧៨នាក់ យុវជនសមាគមន៍ខ្មែរឥស្លាម ៥០នាក់ និងសមាគមន៍រាជសី ៣០នាក់ ក្នុងម្នាក់ៗ ថវិកា ១០,០០០រៀល, ជូនក្រុមប្រឹក្សាឃុំដូងខ្ពស់ មន្រ្តីភូមិ សរុប ១២៩នាក់ ក្នុងម្នាក់ៗ ថវិកា ៣០,០០០រៀល, កម្លាំងប្រជាការពារ ២៤នាក់ និងប្រជាពលរដ្ឋចូលរួម ៣០០នាក់ ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល, កម្លាំងសន្តិសុខទាំងបីអង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន ថវិកា ៥០០,០០០រៀល និងផ្ដល់ថវិកា ២០,០០០,០០០រៀល ដល់វិទ្យាល័យសុខអានដូងខ្ពស់ សម្រាប់ការកសាងសមិទ្ធផលផ្សេងៗនៅក្នុងសាលា។
ក្នុងនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និង លោកឧកញ៉ា ប៉ោ សួន សុំចូលរួមជួយសាងសង់ អាគារបណ្ណាល័យ ០១ខ្នង និងមានបំពាក់សម្ភារៈ និង លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សុំចូលរួមជួយ ឧបត្ថម្ភ កុំព្យួទ័រ ០៥គ្រឿង ម៉ាស៊ីព្រីនធើ ០១គ្រឿង ដល់វិទ្យាល័យសុខអានដូងខ្ពស់ និងផ្ដល់ជូនក្រុមការងារយុវជនគណបក្សស្រុកបូរីជលសារ នូវ កុំព្យួទ័រ ០២គ្រឿង ម៉ាស៊ីព្រីនធើ ០១គ្រឿង និងផ្ដល់ជូន រដ្ឋបាលស្រុកបូរីជសារ កុំព្យួទ័រ ០២គ្រឿង និងម៉ាស៊ីនព្រីនធើ ០២គ្រឿងផងដែរ៕