ខេត្តកំពង់ចាម ៖ តាមការបញ្ជាក់ពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុកូរ៉ូណា ដែលហៅថា Covid-19នោះ មកទល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានជាសះស្បើយអស់ហើយ ក្រោយពីបានទទួលការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យការងារព្យាបាល និងទប់ស្កាត់នូវជំងឺកូវី១៩ ទាំងអស់នេះមានប្រសិទ្ធភាព និងប្រកបដោយជោគជ័យនៅក្នុងខេត្តទាំងមូល។
យ៉ាងណាមិញទោះបីជាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមអស់យ៉ាងណាក្តី ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែត្រៀមកម្លាំងមន្រ្តីជួរមុខសម្រាប់បំពេញបេសកកម្ម និងអនុវត្តន៍ការងារជាប់ជានិច្ច និងជាប្រចាំដើម្បីឆ្លើយតបនូវសភាពការណ៍ជាបន្ទាន់ក្នុងករណីថ្មីនៃជំងឺកូវីដ១៩ ដែលកើតមានជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកជំងឺដែលបានជាសះស្បើយចុងក្រោយគេ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ចាមអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនោះ គឺជាបុរសជនជាតិម៉ាឡេស៊ីចំនួន០២នាក់ បានជាសះស្បើយកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ហើយនិងបានធ្វើពិធីអបអរសាទរក្នុងការជូនដំណើរជាកិត្តិយសផងដែរ៕