បន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវដកចេញ ដាក់លោកវេជ្ជបណ្ឌិតទុបារាំងឡើងជាប្រធានថ្មី នេះបើតាមមានប្រសាសន៍របស់លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក៏បានដឹងដល់សម្តេចតេជោ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី រួចមកបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានបោះមតិស្ទាបស្ទង់ផ្គូផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះ មតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្តដល់លោកចក្ខុបណ្ឌិតទុបារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី។លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាតបានបន្តថា ឥឡូវរដ្ឋបាលខេត្តបានសម្រេចតែងតាំងលោកចក្ខុបណ្ឌិតទុ បារាំងជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទីឬអនុប្រធានក្តាប់រួមអីទេ។សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយឧបទ្ទវហេតុ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាមដើម្បីជួយវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យថាគ្មានឈាម។
ឧបទ្ទវហេតុបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានសរសេរបង្ហោះក្នុងគណនីហ្វេសបុកឯកជននិងផ្លូវការរបស់លោកមានខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកអិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះលោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវាជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ៕