ព័ត៌មានជាតិ

ឯឧត្តម គង់ សោភ័ណ្ឌ នាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣គ្រួសារក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត មួយក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៣ គ្រួសារ ក្នុងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។

ឯកឧត្ដមបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១៦:០០ នាទី ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ មានគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ៣ ខ្នង ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អំណោយដែលសាខាប្រគល់ជូនគ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាចំនួន៨០ម៉ឺនរៀល ដោយឡែក ប្រជាពលរដ្ឋចំនួន០២ គ្រួសារទៀត រងផលប៉ះពាល់ ក្នុង០១គ្រួសារ ទទួលបានថវិកា ចំនួន២០ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published.