បៃ៉លិន៖អាជ្ញាធរខេត្តប៉ៃលិនផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីជាង១.០០០ក្បាលដីជូនដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនដើម្បីប្រើប្រាស់ត្រឹមត្រូវស្របច្បាប់។ក្នុងពិធីចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនិងមោឃភាពនៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនដល់ពលរដ្ឋចំនួន៤ភូមិក្នុងឃុំស្ទឹងកាច់ស្រុកសាលាក្រៅនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០នេះ។
លោកសូសុខុនប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តប៉ៃលិនបានឱ្យដឹងថា៖ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ប្រជាពលរដ្ឋនៅពេលនេះចំណាយពេលវេលាធ្វើឡើងជាច្រើនខែក្នុងការប្រកាសតំបន់វិនិឆ្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ទាំងការចុះវាស់វែងប្រមូលទិន្នន័យបំបែកក្បាលដីសរុបលើឯកសារនិងការប្រកាសបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ រហូតបញ្ចប់ការដោះស្រាយដោយជោគជ័យ និងមានសមភាព។
លោកផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនបានលើកឡើងដែរថា៖បងប្អូនប្រជាពលរដ្ឋបន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុគ្រប់គ្រងនៅក្នុងដៃហើយត្រូវចេះថែរក្សាទុកដាក់ឱ្យបានគង់វង្ស។
ជៀសវាងការបាត់បង់ពីព្រោះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជាឯកសារដ៏មានសារៈសំខាន់ដែលបានបញ្ជាក់ពីភាពស្របច្បាប់។មិនតែប៉ុណ្ណោះវាធានាបាននូវសុវត្ថិភាពដីធ្លីរៀងៗខ្លួនប្រកបដោយភាពជាក់លាក់ម្យ៉ាងទៀតវាអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតតាមតម្រូវការចាំបាច់។
លោកផាន់ចាន់ធុលបានបន្តថា៖ប័ណ្ណសម្គាល់ខាងលើអាចនិយាយបានថាវាជាអាយុជីវិតជាមាសប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បានលើរូបភាពផ្សេងៗដើម្បីទាញយកប្រយោជន៍សំដៅចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តប៉ៃលិនបញ្ជាក់បន្ថែមថា៖ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដំណាក់កាលនេះសរុបប្រជាពលរដ្ឋចំនួន ៤ភូមិ មានភូមិស្ទឹងកាច់ ភូមិក្ងោក ភូមិរថក្រោះឆេះនិងភូមិតាង៉ែនក្រោម ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ប្រជាពលរដ្ឋដែលទទួលបានចំនួន ១.០៣៧គ្រួសារ ស្មើនឹង ១.០៣៧ក្បាលដី។ក្នុងនោះដីលំនៅស្ថានមានចំនួន ៧៣៦ក្បាលដី និងដីកសិកម្មសរុបចំនួន ៣៣៨ក្បាលដី៕